ចៅអធិការវត្ត គោកបញ្ជាន់ ត្រូវ បានគណ:សង្ឃនាយក បានបញ្ឈប់ ពីតួនាទ

គណៈសង្ឃ​នាយក​ សម្រេច​បញ្ចប់​តួនាទី​ភិក្ខុ​ សេង​ ថង​ ពី​ចៅអធិការវត្ត​គោក​បញ្ជាន់​ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ក្រុម​ជន​លួច​ដី​វត្ត​លក់​តាមច្បាប់

ភ្នំពេញ​)៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​បញ្ចប់​មុខតំណែង​ភិក្ខុ​សេង​ ថង​ ពី​ចៅអធិការវត្ត​ គោ​ត្ត​មរ​ង្សី​ ហៅ​វត្ត​ គោក​បញ្ជាន់​ និង​តំណែង​ធម្មធរ​អនុគណ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

នេះ​បើ​យោង​តាម​លិខិត​លេខ​ ២០៨​/១៩​ ស.ន.ក.ជ​ ចុះ​ថ្ងៃទី០២ខែធ្នូ​ ឆ្នាំ២០១៩​ របស់​គណៈសង្ឃ​នាយក​ នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ តាព្រហ្មទទួល​បាន​។

សេចក្តី​សម្រេច​ ដែល​ចុះ​ព្រះហស្ដ​លេខា​ដោយ​ សម្តេច​ពោធិវ័ង្ស​ អំ​ លឹម​ហេង​ សម្តេច​ព្រះសង្ឃនាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយមាន​ការ​ឯកភាព​របស់​ លោក ហ៊ឹម​ ចែ​មរ​ដ្ឋ​មន្ត្រី​ក្រសួងធម្មការ​ និងសាសនា​ បាន​ធ្វើឡើង​ដោយ​គោរព​តាម​សំណើ​បស់​ សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី​ ទេព​ វង្ស​ សម្តេច​ព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងសេចក្តីសម្រេចកម្រាស់ ៤ទំព័រ បានបញ្ជាក់ពីអង្គហេតុ និងមូលហេតុ នៃការដកដំណែងភិក្ខុ សេង ថង ពីចៅអធិការវត្ត គោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែង ធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយសារតែព្រះសង្ឃអង្គនេះ ជាប់ពាក់ព័ន្ធករណីសហការជាមួយអាជ្ញាធរដែនមូលដ្ឋានកាត់ដីវត្តទំហំ ៧ គុណនឹង១៥០ម៉ែត្រ ដែលជាសម្បត្តិគរុភណ្ឌលក់ខុសច្បាប់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា ក្រៅពីកាត់ដីវត្តទំហំ ៧ គុណនឹង ១៥០ម៉ែត្រលក់បានជោគជ័យកាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥រួចមក នៅក្នុងអំឡុងឆ្នាំ២០១៦ ព្រះសង្ឃ សេង ថង បានស្នើសុំដោះដូរដីស្រះព្រះទន្លេ ជាដីកម្មសិទ្ធិរបស់វត្តទំហំជិត ៤ហិកតា ដែលទង្វើទាំងអស់នេះបានបង្ហាញថា ព្រះសង្ឃ សេង ថង មានចេតនា ព្យាយាមលក់ដីស្រះទន្លេបន្ថែមទៀត។

យោងតាមសេចក្តីសម្រេចរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដីវត្តគោកបញ្ជាក់ទំហំ ៧ គុណនឹង ១៥០ម៉ែត្រ ត្រូវបានព្រះសង្ឃ សេង ថង និងបក្ខពួកលួចលក់កាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥ ដោយមានឈ្មោះ ចក់ ឆុន ដែលគេស្គាល់ថា ជាសមាជិកគណៈកម្មាការវត្ត ជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះ យ៉ង សម្បត្តិ ភេទប្រុស មានប្រពន្ធឈ្មោះឃុន សុខអែម។

ការកាត់ដីទំហំ ៧គុណនឹង១៥០ម៉ែត្រ ដែលជាផ្នែកមួយនៃដីកម្មសិទ្ធិវត្តទំហំជិត ៧ហិកតា ដែលមានប្លង់រឹងក្បាលដីលេខ ៧២៩ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។

គឺធ្វើឡើងដោយមានលោក សុទ្ធ សាតចៅសង្កាត់ចោមចៅ និងលោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយ ហើយអាជ្ញាធរចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់ កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង។

នេះបើយោងតាមការបញ្ជាក់របស់ លោក ពេញ ហួរ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជានណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការលើបុគ្គលដែលពាក់ព័ន្ធករណីលួចដីវត្តលក់ទៅតាមផ្លូវច្បាប់ជាធរមានដើម្បីរក្សានូវសម្បត្តិគរុភណ្ឌរបស់វត្ត និងសង្ឃ។ជុំវិញករណី ព្រះសង្ឃ សេង ថង និងមន្ត្រីលួចដីវត្តគោកបញ្ជាន់លក់នេះ។

ទាក់ទិននិងករណីនេះ តាព្រហ្មមិន អាចសុំការបំភ្លឺពីលោក ហែមដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យបាននៅឡើយទេ អង្គភាពយើងរងចាំការបកស្រាយពីលោក រាល់ម៉ោងធ្វើការ។