ក្រុមចោរ ប្រដាប់ អាវុធ ប្លន់ម៉ូតូ បានសម្រេច ចង់សាកល្បង លោក ម៉នវុធី អធិការ ពោធិ៍សែនជ័យ ទើបឡើងថ្មី

ក្រុមចោរប្លន់ម៉ូតូបានសម្រេចនៅខណ្ឌពោធិសែន​ជ័យ​ ស្វាគមន៍​ លោក​ ម៉ន​ វុធី​ អធិការ​នគរបាលឡើងថ្មី​

ភ្នំពេញ៖ ក្រុមជនសង្ស័យ៤នាក់ បានធ្វើ​សកម្មភាពធាក់ផ្ដួលម៉ូតូជនរងគ្រោះ​សេ១២៥ សេរី២០២០មួយគ្រឿងទើបតែទិញថ្មីប្លន់យក​ដោយសុវត្ថិភាព​ មិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី​វេលាម៉ោង៤និង​៣០​នាទីទៀបភ្លឺថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅ​ចំណុចភ្លើងស្តុបផ្លូវចោមចៅ កែងផ្លូវទួល​ពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ។

​ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់យកម៉ូតូនោះមានឈ្មោះ មុំ ម៉េងអៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ស្នាក់​នៅក្បែរផ្សារស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

មានស្រុកកំណើតភូមិតំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​ ឯម៉ូតូដែលចោរប្លន់យកទៅម៉ាក​ ហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1H-8082 ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុន​ពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្ត​ភក្រ័​ បានជិះម៉ូតូ២គ្រឿងឌុបមិត្តស្រីម្នាក់មួយ សរុប​មានគ្នា៤នាក់ ដើម្បីជួនទៅផ្ទះជួល​នៅ​ភូមិអូរដឹមសង្កាត់ចោមចៅ៣ លុះវិល​ត្រឡប់​មកវិញ នៅតែគ្នា២នាក់ជិះម៉ូតូម្នាក់១គ្រឿងបំណងទៅផ្ទះនៅស្ទឹងមានជ័យ ដោយធ្វើដំណើរតាមផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ខណៈមកដល់ភ្លើងស្តុប កែងផ្លូវទួល​ពង្រ ដែលជាចំណុចកើតហេតុ​ ស្រាប់តែ​លេច​ មុខជនសង្ស័យ៤នាក់ ជិះម៉ូតូ​២គ្រឿង មកដល់ទន្ទឹមធ្វើសកម្មភាពធាក់ បណ្តាលឲ្យជនរងគ្រោះដួល។

ប្រភពបានបន្ត​ថា​ភ្លាមៗនោះក្រុមជនសង្ស័យ ដែលប្រដាប់ដោយកាំបិតបុ័ងតោ​ គម្រាមទៅ​​ជនរងគ្រោះហើយបានលើកយកម៉ូតូជិះគេចទៅបាត់ខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹម​តែរួមដំណើរជាមួយមិត្តភ័កនាំគ្នាទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោម​ចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមចោរប្លន់តែប៉ុណ្ណោះ៕