អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំ

ចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦ ម៉០០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វណ្ណ សំណាង ហៅជ្រូកតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ស្នាក់នៅបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

+រួមនឹងវត្ថុតាងដកហូត៖
-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ(មួយកញ្ចប់ធំ)។
-ចំពោះមុខ កំលាំងជំនាញខណ្ឌដូនពេញ និង ប៉ុសិ៍្តស្រះចក កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

-ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

លោកកាន់វណ្ណះ មេប៉ុស្តិ៍ស្រះចកបានឲ្យតាព្រហ្មដឹងថា តំបន់ស្រះចកក្រុមទី៣៩ ភូមិ៣ សង្កាត់ស្រះចកនេះគឺជាកន្លែងស្មុកស្មាញណាស់ កន្លងមក កម្លាំងនគរបាលប៉ុស្តិ៍ ស្រះចក តែងតែធ្វើការបង្រ្កាបជាប្រចាំ ករណីជួញដូរ គ្រឿងញៀននេះ។

លោក បានសំណូមពរ ទៅដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ស្រះចក សូមជួយសហការជាមួយសមត្ថកិច្ចបើសិនជាបានឃើញមុខសញ្ញាគួរសង្ស័យ សូមរាយការណ៍មករូបលោក ដើម្បីលោកចាត់កម្លាំង ចុះមកអន្តរាគមន៍ទាន់ពេលវេលា។