បញ្ជូនចាងហ្វាងកាសែតជាតិខ្មែរមកតុលាការដើម្បីសាកសួរករណីញុះញង់តាមបណ្តាញសង្គម


ភ្នំពេញៈលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ដើម្បីសាកសូរករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបណ្តាញសង្គមហ្វេសប៊ុក។
សំណុំរឿងនេះបានត្រូវលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញទទួលបន្ទុកចាត់ការតាមនីតិវិធី។

លោក រស់ សុឃិតត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នៅខេត្តកំពង់ឆ្នាំងនេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្គាប់ឱ្យ លោក រស់ សុឃិត បង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕