ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក កែវ មុនី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក កែវ មុនី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ចោទពីបទកាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់។
នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួននោះ លោក កែវ មុន្នី បានបញ្ជាក់ថា ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មានទីកន្លែងកំណើតក្រុមទី១៣ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ជាង ស៊ុនគីម មានទីលំនៅបច្ចុប្បន្នសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចោទពីបទ កាប់រានព្រៃ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ ប្រព្រឹត្តិនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ គឺជាបទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ។
ជុំវិញបទល្មើសខាងលើនេះ ប្រភពមួយខ្លះទៀត ក៏បានចោទថា ឈ្មោះ ញ៉ក់ គឹមតុង និងបក្ខពួកមួយចំនួនទៀត នៅខេត្តព្រះសីហនុ គឺស្ថិតក្នុងចំណោមក្រុមមនុស្សដទៃទៀត ដែលដើរធ្វើសកម្មភាពទន្ទ្រានយកដីរដ្ឋ យ៉ាងអាណាធិបតេយ្យនាពេលកន្លងមក នៅតាមតំបន់មួយចំនួននាខេត្តព្រះសីហនុ។
យ៉ាងនេះក្តី រហូតមកដល់ពេលនេះ ឈ្មោះ ញ៉ក់ គឹមតុង ដែលសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាតាមចាប់ខ្លួន កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នៅឡើយ។
យ៉ាងណាក៏ដោយចុះ នៅមិនទាន់មានប្រភពអាចទាក់ទង ឈ្មោះ ញ៉ក់ គឹមតុង ដើម្បីបំភ្លឺជុំវិញការចេញដីកា របស់តុលាការខេត្តព្រះសីហនុ បង្គាប់ឲ្យតាមចាប់ខ្លួន លោកនៅឡើយទេ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០៕