ពេលល្ងាចកាប់បំផ្លាញនិងចង់ដុតទូកគេចោលម្ដងហេីយ​ យប់ឡេីងបេីកទូកបុកទូកគេទៀត​ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនម្នាក់

ភ្នំពេញ​ ៖​ ទូកទេសចរណ៍ដឹកអ្នកដំណើររបស់ឈ្មោះឈឿន​ ម៉េងហៀក ទេសចរណ៍ត្រូវភាគីម្ចាស់ទូក២នាក់ប្ដីប្រពន្ធ​ មានឈ្មោះមេគង្គស្តារ ចូលចតក្បែរហេីយបានទាញពូថៅកាប់ទៅលេីបង្កាន់ដៃទូក​ និងយកសាំងមកជះបម្រុងដុតបំផ្លាញចោល​ បង្កការភ្ញាក់ផ្អេីលទាំងភ្ញៀវទេសចរនៅលេីទូក កាលពីវេលាម៉ោង៦៖៤០នាទី​ល្ងាចថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចច្រាំងទន្លេសាប​ ទល់មុខភោជនីយដ្ឋាន(FCC)​ ផ្លូវព្រះសុីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមសម្ដីស្ត្រីម្នាក់ដែលជាម្ចាស់ទូករងគ្រោះ មានឈ្មោះ​ ទូច​ ឈាងម៉េង​ អាយុ៤០ឆ្នាំ​ មុខរបររត់ទូកទេសចរណ៍ និងមានស្រុកកំណេីតនៅភូមិព្រែកកំបៅ៣​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ បានប្រាប់ឲ្យដឹងថា​ នៅល្ងាចថ្ងៃទី១៨ ខែមិថុនាពួកគាត់បានចូលចតទូកនៅចំណុចកេីតហេតុខាងលេី​ ស្រាប់តែឃេីញទូកឈ្មោះ(មេគង្គស្តារ)ចូលចតក្បែរ​ ហេីយបានជេរប្រមាថ​មកលើពួកគាត់ ដោយបុរសម្នាក់ឈ្មោះ​ រ៉ា​ ជាម្ចាស់ទូកបង្ក ហេតុបានទាញពូថៅ​មកកាប់បំផ្លាញបង្កាន់ដៃទូករបស់ពួកគាត់ឈ្មោះ(ឈឿន​ ម៉េងហៀកទេសចរណ៍)បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​។

ចំណែកស្ត្រីម្នាក់ឈ្មោះ​ ភួន​ ចាន់ល័ក្ខ​ ត្រូវជាប្រពន្ធ​ខាងភាគីបង្ក​ក៏បានទាញដែកចង្អេីរអាំងសាច់គប់មកលេីរូបគាត់ជាម្ចាស់ទូកឈ្មោះ(ឈឿន​ ម៉េងហៀកទេសចរណ៍)តែគាត់គេចផុត​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ភ្ញៀវទេសចរនៅលេីទូកជាខ្លាំង​តែម្ដង។


លុះដល់ម៉ោងប្រមាណជាង៩យប់​ថ្ងៃដដែលភាគីបង្កបានដាក់ភ្ញៀវចុះអស់​ រួចក៏បានបេីកទូកមកបុកទូកជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ហេីយភ្លាមៗនោះក៏បេីកទូកចេញទៅបាត់តែម្ដង​ ។


ក្រោយមក​ ភាគីរងគ្រោះក៏បានទៅប្ដឹងដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាល​ជ័យជម្នះ ឲ្យជួយធ្វើអន្តរាគមន៍​រកយុត្តិធម៌​ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ទៀង​ ច័ន្ទសារ​ ដែលជាអធិការខណ្ឌ​ បានសហការជាកម្លាំងអន្តរាគមន៍ជេីងទឹក​ ចុះទៅស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ជាជនបង្ក​ តែរកមិនឃេីញ​ ក៏បាននាំខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនបង្កទៅធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បីអនុវត្តតាមនីតិវិធី​ ។


ចំពោះមូលហេតុដែលក្រុមការងារយើងទទួលបានបឋម​គឺជម្លោះគ្នានេះបណ្ដាលមកពីការដណ្ដឹមកន្លែងចត​ ៕