ឃាត់ខ្លួន​មន្ត្រី​ប៉ូលិស​ ប៉េអិម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់​​ គ្រា​ដែល​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​ ដល់​ទឹកដី​ខេត្ត​កំពង់ចាម​ ហើយ​បាញ់​បោះ​សេរី​

ឃាត់ខ្លួន​មន្ត្រី​ប៉ូលិស​ ប៉េអិម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់​​ គ្រា​ដែល​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​ ដល់​ទឹកដី​ខេត្ត​កំពង់ចាម​ ហើយ​បាញ់​បោះ​សេរី​

ខេត្តកំពង់ចាម ៖ មន្ត្រីប៉ូលិស ប៉េអឹម និងយោធា​ខេត្ត​ត្បូងឃ្មុំ​ចំនួន៦នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពៃឈរ​ សហការជាមួយ កម្លាំង​ជំនាញ​ខេត្ត​កំពង់ចាម​ ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ដែល​ក្រុម​នេះ​បានបង្កការបាញ់បោះសេរីទៅលើឈ្មួញរកស៊ីឈើ ផ្អើលតាំងពីខេត្តត្បូងឃ្មុំ រហូត​ដល់ខេត្តកំពង់ចាម
ព្រោះខឹងរថយន្តដឹកឈើមិនព្រមឈប់តាមបំណងរបស់ពួកគេ។

ហេតុ​ការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​១២និង​៤០នាទី​កាលពី ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ២០២០នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អធិការ​នគរបាល​ស្រុក​ពៃឈរ​ លោក​វរសេនីយ៍​ឯក​ កែវ​ ស៊ាង​ហ៊ាន់​ បាន​ឲ្យដឹងថា​ កម្លាំង​ជំនាញ​បានធ្វើការឃាត់​​រថយន្ត​ចំនួន​៤គ្រឿង​ និង​ឃាត់ខ្លួន​​មនុស្ស​៦នាក់​ មកពីស្ថាប័នចំនួន៣ផ្សេងគ្នា រួមមាន

១.ឈ្មោះផុន វាសនា ឋានៈនាយផ្នែកសន្តិសុខ ជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

២.ឈោះជាតិ សំណាង ឋានន្តរសក្កិអនុសេនីយ៍ត្រី ជាជំនួយ
ការហ្វឹកហ្វឺន យោធាស្រុកត្បូងឃ្មុំ ដែល​ជា​អ្នក​បាញ់បោះដោយកាំភ្លើង Ak47 ចំនួន១គ្រាប់។

៣.ឈ្មោះកេត តារា ឋានន្តរសក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ។

៤.ឈោះម៉ៅ អឿន ឋានន្តរសក្កិអនុសេនីយ៍ទោ កងការពារស្រុកត្បូងឃ្មុំ។

៥.ឈ្មោះខែម សុធារ័ត្ន ឋានន្តរសក្កិអនុសេនីយ៍ទោ នាយផ្នែកសន្តិសុខ (ប៉េអឹម)

៦.ឈ្មោះវ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់(ប៉េអឹម)។

ក្រៅពីឃាត់ខ្លួនមន្ត្រីប្រដាប់អាវុធទាំង៦នាក់ខាងលើនោះ សមត្ថកិច្ចខេត្តកំពង់ចាម ក៏បានឃាត់ខ្លួនព្រូឡានម្នាក់ ឈ្មោះរីម សុខរឹម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿង ដែលដឹកសសរចំនួន១៦ដើម

កាំភ្លើងម៉ាកAKចំនួន១ដើម គ្រាប់២៤
គ្រាប់ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237

រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2T-4068

និងរថយន្តម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538 ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនទាំង៦នាក់នេះ បន្ទាប់ពីពួកគេបានបង្កការបាញ់បោះយ៉ាងសេរី ដើម្បីឃាត់រថយន្តដឹកឈើតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ទឹកដីខេត្តកំពង់ចាម ពោលគឺនៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ព្រោះ​ខឹងរថយន្តដឹកឈើមិន​ព្រម​ឈប់ ​ហើយ​បើក​ប៉ះពា​ររថយន្តក្រុមខ្លួន បណ្តាល​ឲ្យ​ក្រឡាប់​១​គ្រឿង ​នៅ​ខេត្ត​ត្បូងឃ្មុំ ។

បែបណាក្ដី ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកព្រៃឈរ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការតាមច្បាប់ ៕