ប្រជាពលរដ្ឋ រងគ្រោះ នៅសង្កាត់លេខ៤ ក្រុងមិត្តភាព ខេត្ត ព្រះសីហនុ

កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០
ប្រជាពលរដ្ឋ១៤គ្រួសារ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងមិត្តភាព ខេត្ត ព្រះសីហនុ រងភាពអយុត្តិធម៌ ដោយអាជ្ញាធរ អនុវត្តសាលក្រមទាំងបង្ខំនិងមិនស្ដាប់បណ្ដឹងតវ៉ា និងការណែនាំរបស់តុលាការកំពូលឡើយ។

ករណីទំនាស់នេះ គឺរវាងពលរដ្ឋ១៤គ្រួសារ ជាមួយ លោក ង៉ាន់ វណ្ណា អ្នកមានលុយមួយរូបនៅរាជធានីភ្នំពេញ។

-ពលរដ្ឋបានអះអាង និងយោងលិខិតកាន់កាប់ ដែលទទួលស្គាល់ដោយអាជ្ញាធរផងថា ពួកគាត់បានមករស់នៅភូមិ៥ សង្កាត់លេខ៤នេះ តាំងពីឆ្នាំ១៩៨៧ខ្លះនិង១៩៩២ខ្លះ ពោលគឺតាំងពីតំបន់នេះ កំពុងស្ថិតនៅជាតំបន់អសន្តិសុខ មានចោរកម្មផង និងកំលាំងឧទ្ទាមខ្មែរក្រហមឆ្លងកាត់ផង។

-ដីរបស់ពួកគាត់រស់នៅ គឺបានខ័ណ្ឌចែកគ្នាដោយកូនអូរ ដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្ដ្រនិយម ដែលមានព្រំប្រទល់ជាប់និងដីព្រៃភ្នំខាងក្រោយ(នៅម្ខាងកូនអូរ)
-ពលរដ្ឋអ្នករស់នៅពីមុនខ្លះក៏បន្តរស់នៅដល់សព្វថ្ងៃ ខ្លះក៏លក់ដីនេះ អោយជនទី២ ហើយចាកចេញ។

ក្នុងការរស់នៅក្ដី ការលក់ដូរក្ដី គឺមានអាជ្ញាធរ ទទួលស្គាល់ដីកម្មសិទ្ធិត្រឹមត្រូវ និងមានឈ្មោះបោះឆ្នោតគ្រប់អាណត្តិ ដូចពលរដ្ឋធម្មតាដទៃទៀត។

-ក្រោយមកក្នុងអំឡុងឆ្នាំដែលចិនតៃវ៉ាន់ចូលទិញដី (មិនចាំឆ្នាំច្បាស់) ឈ្មួញដីឈ្មោះ លឹម ហ៊ុយឡេង ឃុបឃិតគ្នាមួយអាជ្ញាធរសម័យនោះ បានលក់ដីព្រៃភ្នំអោយចិនតៃវ៉ាន់ចំនួន៣ឈ្មោះ ដែលមានផ្ទៃដីសរុបជាង៥ហិកតា តែប៉ុណ្ណោះ។

-បន្ទាប់មក ចិនតៃវ៉ាន់ក៏ត្រឡប់ទៅស្រុកវិញអស់ ដោយអស់សិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺចិនតែមួយ(ហេតុផលគឺចិនតៃវ៉ាន់ចង់ទាមទារឯករាជ្យពីចិនសាធារណរដ្ឋប្រជាមានិតសព្វថ្ងៃ។

-ក្រោយចិន តៃវ៉ាន់ដកថយអស់ ឈ្មួញដីឈ្មោះ លឹម ហ៊ុយឡេង ក៏បានយកដីនេះ លក់អោយលោក ង៉ាន់ វណ្ណា ជាអ្នកគ្រប់គ្រងបន្ត ទើបបង្កទំនាស់ ទាមទារយកដីខាងមុខពីពលរដ្ឋ១៤គ្រួសារ ប្ដឹងផ្ដល់គ្នាដល់តុលាការ សាលាដំបូងខេត្តព្រះសីហនុ។

-តុលាការសាលាដំបូងខេត្តព្រះសីហនុ តំកល់សំណុំរឿងនេះ មិនចាត់ការទេ ដោយរកឃើញថា ដីពលរដ្ឋ១៤គ្រួសារនិងដីលោក ង៉ាន់ វណ្ណា មិនជាប់ពាក់ព័ន្ធគ្នា គឺខ័ណ្ឌចែកគ្នាដោយអូរ ម្យ៉ាងយោងលិខិតកាន់កាប់របស់ពលរដ្ឋផងនិងយោងលិខិតបញ្ជាក់របស់ចៅសង្កាត់លេខ៤ផងថាដីនេះ ពិតជាមានអូរនិងខ័ណ្ឌចែកគ្នាដោយអូរពិតមែន។

-ដូច្នេះហើយ ទើបលោក ង៉ាន់ វណ្ណា បានសម្រេចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ដោយព្រមទទួលយកផ្ទៃដីចំនួន៥៧៤៥៥ម៉ែត្រក្រឡា។

-ក្រោយមកទៀត មិនដឹងថា លោក ង៉ាន់ វណ្ណា មានភស្ដុតាងអីទៅបញ្ជាក់ជាមួយលោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងដែនដី ទើបលោក ទេព ធន ធ្វើលិខិតមោឃ:(និរាករណ៍ )ប័ណ្ណលេខ___________ចោល ហើយបង្កើតលេខ__________ថ្មី ដែលមានផ្ទៃដីរហូត៦៤១១២ម៉ែត្រក្រឡា ចុះហត្ថលេខាដោយ ឯកឧត្តម លឹម វាន់ គ្របលើដីទាំងស្រុងរបស់ពលរដ្ឋ ទើបបង្កើតទំនាស់សារជាថ្មី ប្រល័យដីពលរដ្ឋ១៤គ្រួសារ អោយទឹកភ្នែកសោកាមិនឈប់ឈរបែបនេះ។

-ឯកឧត្តម នួន សុខាវី ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងសមាជិកឧត្តមក្រុមប្រឹក្សាដទៃទៀត ក៏ធ្លាប់បានចុះសិក្សា រាយការណ៍ជូនសម្ដេចតេជោដែរ តែមិនមានប្រសិទ្ធិភាព ដោយក្រសួងដែនដីពន្យល់ថា ក្នុងអំឡុងឆ្នាំ១៩៩២ មិនមានពលរដ្ឋរស់នៅទេគឺសុទ្ធតែព្រៃ ហើយចោទពលរដ្ឋថា ជាក្រុមជនអនាធិបតេយ្យ ដើរចាប់ដីគេទៀតផង។

-ដោយសារជំលោះអូសបន្លាយយូរ លោក ង៉ាន់ វណ្ណា ក៏ព្រមចរចាទិញដីពលរដ្ឋនៅខាងមុខចំនួន២ប្លង់ ទុកសំរាប់ចេញចូលនិងទុកលក់អោយជនបន្តបន្ទាប់ទៀត។

-លោក ង៉ាន់ វណ្ណា បន្តចរចាទិញដីពលរដ្ឋ ក្នុងតម្លៃថោកៗផងនិងបន្តប្ដឹងពលរដ្ឋទៅតុលាការកំពូលផង។
តុលាការកំពូល ធ្លាប់ចេញសាលក្រមអោយលោក ង៉ាន់ វណ្ណា ឈ្នះក្ដីនេះ ហើយអោយអនុវត្តរយះពេលថែមទៀតផង តែមិនបានសម្រេច ដោយមានការរារាំងពីពលរដ្ឋនិងដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូល រហូតចេញបង្គាប់អោយសាលាឧទ្ធរកាត់សេចក្ដីសារជាថ្មីថែមទៀតផង។

ប៉ុន្តែរហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ តុលាការនិងអាជ្ញាធរ បានអនុវត្តវិធានការណ៍កំទេច បានសម្រេចជោគជ័យ ដោយពលរដ្ឋមិនហ៊ានចេញមុខប្រឆាំង ព្រោះខ្លាចជាប់គុកច្រវ៉ាក់បន្ថែមទៀត។

តាព្រហ្មក្នុងនាមអ្នកតាមដានស្ថានការណ៍ សិក្សាឯកសារ និងចុះលើទីតាំងជាច្រើនលើកច្រើនសារ មិនមានចេតនាប្រឆាំងនិងសេចក្ដីសម្រេចណាមួយរបស់តុលាការ ព្រះរាជអាជ្ញា ចៅក្រមឬមន្ត្រីមុខការ ណាមួយទេ អ្វីដែលយើងខ្ញុំលើកឡើងនាពេលនេះ សំអាងទៅលើទឡីករណ៍ជាច្រើន ដែលបានសិក្សាកន្លងមក។

តាព្រហ្មក៏សូមគោរពជូន ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាស្រាវជ្រាវឡើងវិញចំពោះករណីនេះ និងស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស្រាវជ្រាវ ដោយតម្លាភាព ព្រមទាំងមន្ត្រីដែលជាប់ពាក់ព័ន្ធនានាផងដែរ ដោយយើងខ្ញុំយល់ថា ពលរដ្ឋពិតជារងភាពអយុត្តិធម៌ មែន។

-បញ្ជាក់:នេះគ្រាន់តែជាតម្រុយ សំរាប់ពិចារណាទាំងអស់គ្នា ដើម្បីយុត្តិធម៌សង្គម។