អាជ្ញាអាជ្ញាធរខេត្តតាកែវ ជួយបើកភ្នែកមើលភាពកាយដីបឹងយ៉ាងអនាធិបតេយ្យផងទាន

ចេញផ្សាយ​ ថ្ងៃទី 12/05/2020

​តាកែវ ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ភាព​អាណាធិបតេយ្យ​នៃ​ការជីក​កកាយ​ដី​បឹង​យក ដី​លក់​របស់​ក្រុម​ឈ្មួញ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សាធារណៈ​រួមទាំង​គ្រោះថ្នាក់​ផ្សេងៗ ខណដែល​ពួកគេ​មិន​ខ្វល់​នឹង​អ្វី​ទាំងអស់ ។ ផ្តើម​ពី​នោះ​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ក្រុង ខេត្ត​មេត្តា​មើល​ផង ។​

​សូមជម្រាបថា រណ្តៅ​ដី​ធំៗ​ក្នុង​បឹង​ដែល​ឈ្មួញ​កំពុង​សម្រុក​កាយ​យក​ដី​ចែកចាយ​លក់​យ៉ាង អាណាធិបតេយ្យ​នឹង​ដឹក​កក្រើក​ពេញ​ផ្លូវ​ក្នុង​ទី​រួម​ខេត្តតាកែវ កំពុងដំណើរការ​យ៉ាង​រលូន ក្រោមលេស​ស្តា​របឹង​សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា រឿង​ឈ្មួញ​ឃុ​ប​ឃឹ​ត​ជាមួយនិង​អាជ្ញាធរ​ដែនដី​បំភ័ន្ត​ភ្នែក​មហាជន ដោយ​សំអាង​បម្រើ​ផលប្រយោជន៍​សាធារណៈ​នោះ ជា​ពាក្យ​មួយ​កំពុង​ពេញនិយម​សម្រាប់ ឈ្មួញ​និង​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុង​ខេត្ត​មួយ​នេះ តែ​ធាតុពិត​សម្រាប់តែ​ផលប្រយោជន៍​បុគ្គល​ឬក៏​អាច​និយាយថា ស៊ី តាម​ជំនាញ​រៀងៗ ខ្លួន​ប៉ុណ្ណោះ ឬក៏​អាច​និយាយ​ម្យ៉ាង​ទៀតថា កន្ទេល​ធំ​បន្លំ​ដេក​ប៉ុណ្ណោះ​។

ស្តែង​តាម​លិខិត​មួយច្បាប់​ដែល​ឈ្មួញ​កាយ​ដី​យក​លក់បាន​បង្ហាញ​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅនេះ​គេ​ពិនិត្យឃើញថា ដី​បឹង​ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​បុរី​រស្មី អូរ​ចំបក់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​អាជ្ញាធរ ខេត្ត ក្រុង និង​មន្ត្រី​ជំនាញ​ស៊ី​ញ៉េ ចុះហត្ថលេខា អនុញ្ញាតិ​ឲ្យ​ឈ្មួញ​ស្តា​របឹង​សម្រាប់​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ប្រាកដ​មែន​។

​ទាក់ទិន​ហេតុផល​នោះ​ប្រជាពលរដ្ឋ​លើកឡើងថា ការចេញលិខិត​អនុញ្ញាតិ​ឲ្យ​ស្តា​បឹង​បែបនេះ គឺជា​ការ​បំភ័ន្ត ភ្នែក​មហាជន​តែប៉ុណ្ណោះ ព្រោះថា ពលរដ្ឋ​មិនដែល​អាស្រ័យ ផល​ដោយ​ទឹក​បឹង​នេះ​ទេ ម្យ៉ាងទៀត​បើ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ គឺជា​ការ​ឃុ​ប​ឃឹ​ត​គ្នា​រវាង​អាជ្ញាធរ ខេត្ត​និង​ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​ចែក​លុយ​គ្នា​ចាយ​ប៉ុណ្ណោះ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ តាព្រហ្ម មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​នៅឡើយ​ទេ ខណះដែលលោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​គ្រាន់តែ​បាន​លើក​ទូរស័ព្ទ ហើយ​ប្រាប់ថា កំពុង​ជាប់​ប្រជុំ​តែប៉ុណ្ណោះ ៕