ហ្គេមបាញ់ត្រីនៅផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ បើកលេងមិនទាន់ឃើញសមត្ថកិច្ចបង្ក្រាប


ភ្នំពេញ៖ នៅជាន់ទី៣នៃផ្សារស្ទឹងមានជ័យថ្មី កំពុងមានល្បែងស៊ីសងបើកលេងយ៉ាងរលូន រហូតមកដល់ពេលនេះទៅហើយមិនទាន់ឃើញលោកអធិការនគរបាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបនៅឡើយទេ។

ប្រភពពី​ក្រុមអាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី និង​ប្រជាពលរដ្ឋ​ចេញចូល​ក្នុង​ផ្សារ​នេះបាន​ឲ្យ​ដឹងថា នៅ​​ជា​​ន់ទី​៣​នៃ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី កំ​ពុ​​​ងមាន​ល្បែ​ងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ ហើយ​មិនទាន់​ឃើញ​លោក ម៉េង វិមាន​តា​រា​ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ក៏ដូចជា​អភិបាលខណ្ឌ​មានជ័យ ចាត់វិធានការ​បង្ក្រាប​នៅឡើយ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​គេ​អាច​បើក​ល្បែ​ង​​​ស៊ីសង​នៅ​ជាន់​ទី​៣ នៃ​ផ្សារ​ស្ទឹងមានជ័យ​ថ្មីនេះបាន​។

សេចក្ដីរាយការណ៍​ពី​អាជីវករ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បាន​ឲ្យ​ដឹងថា នៅ​ជា​ន់ទី​៣​នៃ​ផ្សារ​នេះ​មានឈ្មោះ សូ និង​ឈ្មោះ វេហា បាន​ជួ​ល​ឲ្យ​ជនជា​តិ​​ចិន​កាន់កាប់ ​រួច​បើក​ហ្គេម​បា​​​ញ់​ត្រី​យ៉ាង​ពេញបន្ទុក ហើយ​មាន​យុវវ័យ​ជាច្រើន​វង់​ និង​ហ្គេម​បាញ់​ត្រី​ទាំងយប់​ទាំ​ង​​ថ្ងៃ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀ​ត​ថា ហ្គេម​បាញ់​ត្រី​នៅ​ជាន់​ទី​៣​ ផ្សារ​ស្ទឹងមានជ័យ​ថ្មី កំ​ពុ​​ងដំណើរការ​យ៉ាង​រលូន​ ខណៈ​​លោក ម៉េង វិ​មាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ កំពុង​សម្ងំស្ងៀម​ធ្វើ​មិនឮ​អ្វី​ទាំងអស់​។

ដោយសារតែល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេ​ញ​​ប​ន្ទុក​ដូច្នេះ​អាចនិងមាន​
បទល្មើស​ផ្សេងៗ​ដូ​ចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​ការរីករាលដាលនៃបទល្មើស​គ្រឿងញៀនក៏អាចកើតមានផងដែរ។

​បើតាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​លោក ម៉េង វិមាន​តារា ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីស​ង​​ជាច្រើន​សង្កាត់​ក្នុង​ខណ្ឌមានជ័យ ក៏ប៉ុន្តែ​ល្បែងស៊ីសង​នៅលើ​ផ្សារ​ស្ទឹងមាន​ជ័​​​យ​​ថ្មី​ជាន់​ទី​៣ មិនទាន់​ឃើញ​លោកចាត់វិធានការ​បង្ក្រាប​នៅឡើយ​។

ហេតុនេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​ភា​ព​​អ​សកម្ម​រប​ស់​​​មន្ត្រី​ អាជ្ញាធរ​ខណ្ឌមានជ័យ ក៏ដូចជា​ភាព​អសកម្ម​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យនោះដែរ ព្រោះ​ប​ច្ចុ​ប្ប​ន្ន​​​​ល្បែងស៊ីសង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ ហើយ​លោ​កអធិការនគរបាល​ខ​​​​ណ្ឌ​មានជ័យ និង​អភិបាល​ខណ្ឌមានជ័យ កំ​ពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។

ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជ​ធា​​​​​នីភ្នំពេញ ចាត់វិធានការលុបបំបាត់ល្បែងស៊ីសងនៅជាន់ទី៣ ផ្សារស្ទឹងមានជ័យថ្មី ជាផងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។