លោក កែង សុវណ្ណរ៉ាន់ មន្រ្តីក្រសួងដែនដី នគរ រូបនីយកម្ម និងសំណង់ គេចវេសមិនចូលខ្លួនសងប្រាក់ម្ចាស់បំណុលចំនួន ៨,០០០ ដុល្លា តាមកិច្ចសន្យា

ភ្នំពេញ៖ រយៈពេលជាងមួយឆ្នាំមកហើយ មន្រ្តីនៃក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ លោក កែង សុវណ្ណរ៉ាន់ បានគេចវេសមិនព្រមសងបំណុលដែលខ្លួនបានជំពាក់លោក យ៉េ ភួជាង តំណាងដោយលោក វង្ស គឹមហាន ចំនួន៨,០០០ដុល្លាសហរដ្ឋអាមេរិកឡើយ។

ការគេចវេសរបស់លោក កែង សុវណ្ណរ៉ា ដោយរំលោភលើកិច្ចសន្យាសងប្រាក់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដែលមានស្នាមមេដៃជាតឹកតាង និងមានមេធាវី របស់លោក វង្ស គឹមហាន ប្រថាប់ត្រា បានឃើញ និងបញ្ជាក់ជាភស្តុតាងផងដែរ តែក្រោយកិច្ចសន្យា មន្រ្តីក្រសួងដែនដី នគរ រូបនីយកម្ម និងសំណង់ លោក កែង សុវណ្ណរ៉ាន់ បានរំលោភលើកិច្ចសន្យាដែលខ្លួនបានផ្តិតមេដៃ មិនព្រមសងប្រាក់ម្ចាស់បំណុលឡើយ។

ក្នុងកិច្ចសន្យា គឺលោក កែង សុវណ្ណរ៉ាន់ ដែលជាកូនបំណុល បានឯកភាពសងប្រាក់ទៅម្ចាស់បំណុលចំនួន ៨,០០០ដុល្លា ដោយក្រៅពីនេះម្ចាស់បំណុលមិនទាមទារអ្វីទាំងអស់ ហើយលោក កែង សុវណ្ណរ៉ាន់ ក៏បានយល់ព្រមសងប្រាក់ទៅម្ចាស់បំណុលចំនួន ១,០០០ដុល្លា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ និងខែបន្ទាប់សងម្ចាស់បំណុលចំនួន ៥០០ដុល្លា នៅរៀងរាល់ដើមខែ មិនអោយលើសថ្ងៃទី៧ឡើយ។

យ៉ាងណាលោក កែង សុវណ្ណរ៉ាន់ មិនគោរព និងរំលោភលើសេចក្តីទុកចិត្ត នៃកិច្ចសន្យាទាំងស្រុង រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក វង្ស គឹមហាន តំណាងម្ចាស់បំណុល បានធ្វើលិខិតជូនដំណឹង ដល់លោក កែង សុវណ្ណរ៉ាន់ ឲ្យចូលខ្លួនដោះស្រាយបំណុលដែលខ្លួនបានជំពាក់តាំងពីឆ្នាំ២០១៧មក ។

លោក វង្ស គឹមហាន បានបញ្ជាក់ក្នុងលិខិតជូនដំណឹងថា ដោយលោកបានព្យាយាមទាក់ទងទៅលោក កែង សុវណ្ណរ៉ាន់ តាមទូរស័ព្ទ និងបណ្តាញសង្គមជាច្រើនលើករាប់មិនអស់ ដើម្បីសម្របសម្រួលដោះស្រាយបំណុល តែលោក កែង សុវណ្ណរ៉ាន់ មិនទទួលទូរស័ព្ទ និងផ្តាច់ការទំនាក់ទំនងទាំងអស់ ក្នុងចេតនាទុច្ចរិត គេចវេសមិនព្រមបំពេញកាតព្វកិច្ចសងប្រាក់តាមកិច្ចសន្យា។

យ៉ាងណាទោះជាលោក វង្ស គឹមហាន ធ្វើលិខិតជូនដំណឹង ដល់លោក កែង សុវណ្ណរ៉ាន់ ដើម្បីក្រើនរំលឹក ឲ្យលោកចូលខ្លួនមកទូទាត់ប្រាក់ដែលជំពាក់ក្តី ក៏លោក កែង សុវណ្ណរ៉ាន់ មិនព្រមចូលខ្លួនមកដោះស្រាយឡើយ បើគិតចាប់ពីថ្ងៃចុះកិច្ចសន្យា រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល១ឆ្នាំ និង៥ខែហើយ ដែលលោក កែង សុវណ្ណរ៉ាន់ មន្រ្តី ក្រសួងដែនដី នគរ រូបនីយកម្ម និងសំណង់ រំលោភកិច្ចសន្យាគេចវេសមិនព្រមសងលុយដែលខ្លួនជំពាក់លោក យ៉េ ភួជាង តំណាងដោយលោក វង្ស គឹមហាន ចំនួន ៨,០០០ដុល្លានោះ។

ដោយមិនអាចយោគយល់បានតទៅទៀត លោក វង្ស គឹមហាន បានប្រាប់ថា ក្នុងនាមម្ចាស់បំណុល លោកនិងដាក់លិខិត ទៅក្រសួងដែនដី នគរ រូបនីយកម្ម និងសំណង់ ដែលជាកន្លែងបម្រើការងាររបស់លោក កែង សុវណ្ណរ៉ាន់ នៅសប្តាហ៏ក្រោយនេះ ដើម្បីឲ្យរូបលោក ចេញមុខមកទទួលខុសត្រូវប្រាក់ដែលខ្លួនបានជំពាក់។

យ៉ាងនេះក្តី អ្នកយកព័ត៌មានយើង មិនអាចស្វែងរកការបំភ្លឺណាមួយបាននៅឡើយទេ ពីលោក កែង សុវណ្ណរ៉ាន់ ដែលត្រូវបានលោក វង្ស គឹមហាន ចោទថា ជាកូនបំណុល រំលោភកិច្ចសន្យា គេចវេសមិនព្រមសងប្រាក់ដែលខ្លួនជំពាក់ចំនួន ៨,០០០ដុល្លាសហរដ្ឋអាមេរិកនោះនៅឡើយអង្គភាពយើងនៅរងចាំការបំភ្លឺជានិច្ចពីលោករាល់ម៉ោងធ្វើការ៕