ដំរីព្រៃហ្វូងប្រមាណ៦ក្បាលបានរំខានដល់ការរស់នៅរបស់ពលរដ្ឋនៅភូមិពូត្រុំ។

មណ្ឌលគិរី៖

ដំរីព្រៃហ្វូងប្រមាណ៦ក្បាលបានរំខានដល់ការរស់នៅរបស់ពលរដ្ឋនៅភូមិពូត្រុំ។


ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ វត្តមានរបស់ដំរីហ្វូង បានមករុករាន រំខានផ្ទះសម្បែង ចំការដំណាំ របស់ពលរដ្ឋនៅភូមិពូត្រុំ ឃុំរមនា ក្រុងសែនមនោរម ខេត្តមណ្ឌលគិរី។

យោងតាមប្រធានអង្គការអភិរក្សធនធានធម្មជាតិ ដែលប្រចាំតំបន់នោះបានបញ្ជាក់ថា មានដំរីព្រៃហ្វូងចំនួន៦ក្បាល បានមកលុកលុយចូលបង្ករការភ័យខ្លាចដល់អ្នកស្រុក ដែលធ្វើអោយបងប្អូនយើងភាគច្រើនជនជាតិភាគតិច មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះបញ្ហានេះ ដោយដំរីទាំងនោះ បានបំផ្លាញដំណាំរបស់ពួកគាត់ដូចជាចេក អំពៅ ជាដើម។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្ត បានបញ្ជាអោយមន្ត្រីស្រុកនិងបរិស្ថាន មន្ត្រីឧទ្យានុរក្ស យកចិត្តទុកដាក់ តាមដាននិងរកដំណោះស្រាយពីបញ្ហានេះ។

ក្រុមការងារតាមដាន បានប្រើប្រាស់ដំរីស្រុកនិងហ្ម ដើម្បីជាធ្នាក់ក្នុងការទាក់និងបណ្ដេញក្រុមដំរីព្រៃហ្វូងទាំងនោះចេញពីស្រុក។

ក្នុងចំណោមដំរីទាំង៦ក្បាល មានដំរី៥ក្បាល បានវិលត្រឡប់រត់ចូលព្រៃវិញ ដោយឡែកដំរីស្ដ ឈ្មោល១ក្បាល មិនបានរត់ទៅណាទេ បែរជាគៀងដំរីស្រុកញីនិងវ័ធ ទាត់ដំរីញីរហូតដល់សន្លប់ថែមទៀតផង ហើយបានដេញព្រេចពួកហ្ម រហូតហ្មខ្លះរត់ឡើងដើមឈើ ដាច់បាយ ដាច់ទឹក អស់១ព្រឹកធំទៀតផង។

រហូតមកដល់ពេលនេះ ដំរីព្រៃឈ្មោល១ក្បាលនេះ បានព្យាយាមគៀងដំរីស្រុកញី ដើរវក់វីពេញព្រៃ និងបន្តបំផ្លាញដំណាំពលរដ្ឋជាបន្តបន្ទាប់។

ប្រជាពលរដ្ឋ ទាមទារអោយអាជ្ញាធរ ជួយសម្រួលដល់បញ្ហានេះរបស់ពួកគាត់ផង៕