សមត្ថកិច្ចចាប់បានក្រុមចោរឆក់ ដែលធាក់ស្ត្រីម្នាក់ដួលម៉ូតូស្លាប់កាលពីកន្លះខែមុនលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ជនសង្ស័យមានគ្នា៤នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះ បណ្តាលអោយ ដួលម៉ូតូស្លាប់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៩ កន្លងទៅ ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវធ្វើការចាប់ខ្លួនបានហើយ ខណៈបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដែលមានការដឹកនាំកម្លាំងដោយលោក ឧត្តមសេនីយ៍ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ។

ជនសង្ស័យមានឈ្មោះ ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី២ឈ្មោះ សុខឡេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៣ឈ្មោះ ស៊ុនដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបុរីពិភពថ្មី ខណ្ឌឬស្សីកែវ ។

និងទី៤ឈ្មោះធារ៉ា ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាឆក់ខ្សែក ពីជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវ បណ្តាលអោយជនរងគ្រោះស្លាប់យ៉ាងរន្ធត់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នៅចំណុចផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហុង សុខចេង អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Moone ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-6984 ចេញពីចំនុចខាងក្រោយពេទ្យរុស្ស៊ីនៅផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹង កេងកង។

ស្របពេលនោះ ក៏មានជនសង្ស័យមិនចាំអត្តសញ្ញាណ បានធ្វើសកម្មភាពឆក់យកខ្សែ.កនារីរងគ្រោះ ហើយក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន ភ្លាមៗនោះ ស្ត្រីរងគ្រោះនិងក្រុមគ្រួសារ បាននាំគ្នាជិះម៉ូតូដេញជនសង្ស័យ តាំងពីចំនុចផ្លូវ៤៣០ ខាងក្រោយពេទ្យរុស្ស៊ី រហូតដល់លើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់មានបក្ខពួកជនសង្ស័យជិះម៉ូតូតាមពីក្រោយស្ត្រីរងគ្រោះ រួចធាក់ម៉ូតូជនរងគ្រោះដួល បោក ក្បាល ត្រូវបានក្រុមគ្រួសារដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការសង្រ្គោះ តែជាអកុសលស្ត្រីរងគ្រោះខាងលើ បានស្លាប់បាត់បង់ជិវិត ដោយសារធ្ងន់ធ្ងរខ្លាំងពេក។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ កសាងសំណុំរឿងបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់បន្តទៀត ៕