Latest News

លោកហង្សឆាំឆាន ប្រធានក្រុមការងារចុះពង្រឹងឃុំឫស្សីស្រុក ត្រូវពលរដ្ឋជាង៥០០គ្រួសារប្តឹងរឿង យកប្រឡាយមេទឹកធ្វើអាជីវកម្ម

ព្រៃវែង ៖ មន្ត្រីល្អរាស្ត្រស្រលាញ់ មន្ត្រីអាក្រក់ត្រូវបានមហាជនរិះគន់ ហើយមន្ត្រីជិះជាន់រាស្ត្រកេងប្រវ័ញ្ច លើញើសឈាមរាស្ត្រ ត្រូវប្រជាពលរដ្ឋប្តឹងដើម្បីឱ្យថ្នាក់ដឹកនាំចាប់ខ្លួនអ

នុវត្តន៍ទៅតាមច្បាប់។

ជាក់ស្តែង មានបងប្អូនប្រជាពលរដ្ឋ៥១៤ គ្រួសារ មកពី៤ភូមិ នៅឃុំឬស្សីស្រុក បានផ្តិតមេដាយឲ្យតំណាងរបស់ពួកគាត់១០នាក់ប្តឹងលោកបណ្ឌិត ហង្ស ឆាំឆាន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

ដោយសូមឲ្យថ្នាក់លើផ្លាស់ប្តូរលោកបណ្ឌិត ហង្ស ឆាំឆាន ចេញពីក្រុមការងារចុះជួយឃុំឬស្សីស្រុក ដោយពួកគាត់លើកឡើងថា គ្មានផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋ ហើយថែមទាំងធ្វើអាជីវកម្មលើខ្នងប្រជាពលរដ្ឋទៅវិញ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ ចុះជួយខេត្តព្រៃវែង បានចាត់តាំងមន្ត្រីថ្នាក់ក្រោមឱ្យចុះជួយខេត្ត ស្រុក ឃុំ ភូមិ ដើម្បីអភិវឌ្ឍ ស្តាប់នូវសំណូមពរ ពលរដ្ឋ ចុះជួយពលរដ្ឋ ពេលពលរដ្ឋមានទុក្ខ ដោះស្រាយបញ្ហាកង្វល់ផ្សេងៗ ធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅបានប្រកបដោយសុភមង្គល ក្នុងការរកទទួលទានបានស្រួល ហើយស្រុក ឃុំជាច្រើន មានការរីកចម្រើនទៅមុខដោយសារមន្ត្រីគណៈពង្រឹងខិតខំជួយពលរដ្ឋខ្លួនសព្វគ្រប់បែបយ៉ាង។

តែខុសប្លែកអី តែឃុំឫស្សីស្រុក ស្រុកពាមជរ របស់ខេត្តព្រៃវែង ក្រុមគណៈពង្រឹងដែលថ្នាក់លើជឿទុកចិត្តនោះក្នុងការជួយពលរដ្ឋ បែរជាផ្ទុយស្រឡះទៅវិញ មិនបានជួយអ្វីដល់ពលរដ្ឋ បែរជាធ្វើអាជីវកម្ម រកប្រាក់ចំណេញលើខ្នងពលរដ្ឋទៅវិញ។

បើយោងតាមតាមពាក្យបណ្ដឹងរបស់ ពលរដ្ឋនៅឃុំឬស្សីស្រុកបានលើកឡើងថា អស់រយៈកាលជាច្រើនឆ្នាំមកហើយ តាំងពីលោកបណ្ឌិត ហង្ស ឆាំឆាន ចុះមកជួយឃុំឬស្សីស្រុក មិនដែលឃើញមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅឃុំឬស្សីស្រុកនោះទេ មានតែលោកបណ្ឌិត ហង្ស ឆាំឆាន មានគំនិតត្រីងៀតឆ្លៀតពងឃុបឃិតជាមួយបងប្អូនគាត់យកប្រឡាយរដ្ឋ និងប្រឡាយឧកញ៉ា ប៉ែន នួន ដែលគាត់ខំប្រឹងស្ដារ និងជីកបន្ថែមមាន៣ខ្សែ យកធ្វើអាជីវកម្ម យកលុយដាក់ហោប៉ៅយ៉ាងរំភើយ។

ក្នុងបណ្តឹងពលរដ្ឋសរសេរ បញ្ជាក់ថា ប្រឡាយទឹកដែលលោកបណ្ឌិត ហង្ស ឆាំឆាន យកធ្វើអាជីវកម្មនោះមាន ខ្សែទី១ នៅភូមិឈើទាល ជីកនិងស្ដារប្រឡាយមួយខ្សែមានប្រវែងបណ្ដោយ ២៥០០ ម មាត់លើ៥ម៉ែត្រ បាត២ម៉ែត្រ មានខ្នងប្រឡាយសងខាងខ្ពង់រាបស្មើជាផ្លូវគោយន្តអាចបើកបាន, ខ្សែ ទី២ នៅភូមិឥដ្ឋ ជីកនិងស្ដារប្រឡាយមួយខ្សែមានប្រវែងបណ្ដោយ ៣៥០០ម៉ែត្រ មាត់លើ៥ម៉ែត្រ បាត២ម៉ែត្រ និង ខ្សែទី៣ នៅភូមិពេន ជីកនិងស្ដារប្រឡាយមួយខ្សែមានប្រវែងបណ្ដោយ ៣៥០០ម៉ែត្រ មាត់លើ៥ម៉ែត្រ បាត២ម៉ែត្រ និងនៅវត្តឈើទាលជីកស្រះមួយកន្លែងបណ្ដោយ៦៥ម៉ែត្រ ទទឹង៤៥ មែត្រ ជម្រៅ៤.៥ម៉ែត្រ ផងដែរ។

ពលរដ្ឋបន្តថា លោកបណ្ឌិត ហង្ស ឆាំឆាន បានឃុបឃិតជាមួយបងប្អូនគាត់ ដែលយកម៉ាស៊ីនមកបូមបាចដាក់ស្រែនោះគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចស្រុក-ខេត្តទេ និងយកតម្លៃតាមអំពើចិត្ត ដោយ១ហិកតា ពោលគឺលើកដំបូងកាលពីឆ្នាំ២០១៥ តម្លៃ៤៥ម៉ឺនរៀល រហូតមកដល់ឆ្នាំ២០១៨ ដោយបានលោកឧកញ៉ា ប៉ែន នួន និងប្រជាពលរដ្ឋតវ៉ារករឿងថា យកលុយពីពលរដ្ឋថ្លៃណាស់ ហើយប្រជាពលរដ្ឋតវ៉ាទាមទារឲ្យនៅតម្លៃ២០ម៉ឺនរៀល ក្នុង១ហិកតា។

រហូតដល់ឆ្នាំ២០១៩ ១ ហិកតាតម្លៃ៣១ម៉ឺនរៀល ចំពោះអ្នកមានដីក្រោម តែបើអ្នកមានដីលើ១ហិកតាឡើងគឺយកក្នុងតម្លៃ ៣៧ម៉ឺនរៀល ដដែលរហូតមកដល់សព្វថ្ងៃ។

ពលរដ្ឋបន្ថែមថា ក្រុមបូមបាចរបស់លោកបណ្ឌិត ហង្ស ឆាំឆាន ថាបានជាយកតម្លៃក្នុង១ហិកតា ៣១ម៉ឺនរៀល ទៅ ៣៧ម៉ឺនរៀល ដោយក្នុងតម្លៃនេះត្រូវបានចំណែកទៅលោកបណ្ឌិត ហង្ស ឆាំឆាន ដែរដោយ១ហិកតា៦ម៉ឺនរៀល។

ហេតុដូច្នេះហើយលោកបណ្ឌិត ហង្ស ឆាំឆាន មិនព្រមឲ្យអ្នកផ្សេងចូលមកបូមបាចលើតម្លៃ២០ម៉ឺនរៀល ក្នុង១ហិចតានោះទេ។

ពលរដ្ឋបានសំណូមពរដល់ថ្នាក់លើ ជួយដោះស្រាយ ដល់ពួកគាត់ផង ជាពិសេសសូមឱ្យថ្នាក់លើដកលោកបណ្ឌិតហង្ស ឆាំឆាន ចេញពីក្រុមការងារ ឃុំឫស្សីស្រុកនេះចេញវិញ ដោយទុកក៏ មិនចំណេញ ដកចេញក៏មិនខាតដែរ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះអង្គភាពយើងមិនអាចសុំការបកស្រាយពីលោកបណ្ឌិត ហង្ស ឆាំឆាន បានទេ អង្គភាពសារព័ត៌មានតាព្រហ្មយើងរង់ចាំបកស្រាយរៀងរាល់ម៉ោងធ្វើការ៕