កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជន​សង្ស័យ​ រហ័សនាម​ អាកណ្តុរ​ ដែលឆ្កឹះសោរខ្នោះដៃ​ រត់ចេញពីតុលាការ​ កាលពី៩ខែមុន​និងបក្ខពួកម្នាក់ទៀត

ភ្នំពេញ​៖​ ជនសង្ស័យដែលស្ទាត់ជំនាញឆ្កឹះសោរ​ រហ័សនាម អាកណ្ដុរ ដែលបានឆ្កឹះសោរខ្នោះ​រត់គេច​ ចេញពី​សាលាដំបូង​រាជធានីភ្នំពេញ​ កាលពី៩ខែមុនឥឡូវ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស​ នៃអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ចាប់​ខ្លួន​បាន​ហេីយ ខណៈពេលដែលជនសង្ស័យ​និងបក្ខពួកម្នាក់ទៀតកំពុងជិះម៉ូតូឌុបគ្នាចេញដើម្បីលួច​កាច់ក​.ម៉ូតូ​របស់ប្រជាពលរដ្ឋ​។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង០១រំលងអាធ្រាត្រចូលថ្ងៃទី២១ខែមេសាឆ្នាំ២០២០​នៅ​ចំណុចខាងក្រោយផ្សារសឡា​ ភូមិមានជ័យ​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានអោយដឹងថា​ មុនពេលឃាត់​ខ្លួន​ជនសង្ស័យ​ គឺកម្លាំងនគរបាល​ អន្តរាគមន៍​ពិសេស​ ខណ្ឌមានជ័យ​ បានចេញល្បាត់ក្នុងមូលដ្ឋាន​ដើម្បី បង្ការនិងទប់ស្កាត់​បទល្មើសផ្សេងៗ​ ដោយមានការបញ្ជាផ្ទាល់​ពី​លោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការ​នគរបាលខណ្ឌមានជ័យ​ ខណៈកម្លាំងនគរបាល​ល្បាតមកដល់ចំណុចកើតហេតុក៏បានប្រទះ​ឃើញជនសង្ស័យ​ ពីរនាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដា​ ឌ្រីម​ សេរីចាស់​ ដោយមានការ​សង្ស័យក៏បានហៅសួរនាំឆែកឆេ​ រកឃើញ​ដែកចុងស្រួល០១ សោរទីបលេខ៨​ ចំនួន០១​ និងដែកសរសៃចំនួន១ ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅ ភ្លាមៗកម្លាំងនគរបាលបានឃាត់​ខ្លួនជនសង្ស័យទាំងពីរនាក់យកមកធ្វើការ​សាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​ទី១​តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា​ ជនសង្ស័យទាំងពីរ​នាក់​ដែលឃាត់ខ្លួនមានម្នាក់ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ មុខ​របរមិនពិតប្រាកដ អតីតជាមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុន​ មានស្រុកកំណេីតនៅ​ភូមិ ភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ស្នាក់នៅបន្ទប់ផ្ទះជួល​នៅ​ ម្ដុំចំការដូង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​​ ។​

ជនសង្ស័យរូប​នេះកាលពីម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ​ ធ្លាប់បានយកឈើចាក់ធ្មេញ​ ឆ្កឹះសោរខ្នោះដៃ​ រត់គេចខ្លួន​ចេញពីសាលាដំបូងរាជធានីភ្នំពេញ​ បាត់​ដោយសុវត្ថិភាព។

ចំណែកម្នាក់ទៀតមានឈ្មោះ​ លី តុងហួរ ភេទប្រុស​ អាយុ២៧ឆ្នាំ មានស្រុកកំណើត​នៅភូមិថ្មី​ សង្កាត់ស្ទឹងមានជ័យ​១ខណ្ឌមានជ័យ​​ស្នាក់នៅផ្ទះលេខ២៣៥ ភូមិថ្មី​ សង្កាត់​ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ ។

បច្ចុប្បន្ន​ជនសង្ស័យទាំងពីរនាក់​រួមនិងវត្ថុតាង​ត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដេីម្បី​កសាងសុំណំរឿងចាត់​ការ​បន្តតាមនីតិវិធី​ច្បាប់​ ៕