ឈ្មោះថុន មិនខ្លាចជំងឺ(កូរ៉ូណា covid-19)ហ៊ានបើកលេងល្បែងសុីសងប្រជល់មាន់និងអាប៉ោងប្រមូលម្ដុំគ្នាលេងយ៉ាងសប្បាយ

ចេញផ្សាយ៖ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

(ខេត្តត្បូងឃ្មុំ)÷ មានទីតាំងប្រជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងដែលគេបានស្គាល់ម្ចាស់ឈ្មោះថុន ជាអ្នកមើលការខុសត្រូវកំពុងបើកលេងនៅភូមិឈើទាលជ្រុំ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនឹងម្ចាស់បើកល្បែងសុីសងប្រជល់មាន់និងអាប៉ោងមួយកន្លែងនេះប្រហែលឃុបឃិតគ្នាជាប្រព័ន្ឋរួចទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាប!។

ថែមទាំងផ្គើននិងប្រឆាំងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានដាក់បទបញ្ជាប្រកាសទូទាំងប្រទេស ហាមមិនឲ្យពលរដ្ឋឆ្លងពីខេត្តមួយទៅខេត្តមួយ នឹងមិនឲ្យពលរដ្ឋជួបជុំគ្នាលើសពី៥នាក់ផងដែរ។

តែបែរជាអាជ្ញាធរមូលដ្ឋានបណ្ដោយឲ្យបុគ្គលឈ្មោះថុននិងឈ្មោះប្រុសបើកសង្វ់ៀនប្រជល់មាន់និងអាប៉ោងជាល្បែងស៊ីសងខុសច្បាប់ បានយ៉ាងរលូន បែរជាអាជ្ញាធរធ្វើមិនដឹងមិនឮ ថែមទាំងមិនយកចិត្តទុកដាក់ស្ដាប់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេសបទបញ្ជារបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាហាមមិនឲ្យមាននិងបង្ក្រាបឲ្យទាល់តែបានរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសនិងហាមមិនឲ្យមានការប្រមូលផ្ដុំគ្នាលើសពី ៥ នាក់ដើម្បីការពារការរីករាលដាលឆ្លងមេរោគ(កូរ៉ូណា covid-19)។

ប្រភពពីពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានល្បែងសុីសងប្រជល់មាន់និងអាប៉ោងដ៏ធំគេបានស្គាល់ម្ចាស់ឈ្មោះថុន កាលពីមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្តងរួចទៅហើយប៉ុន្តែនៅទីនោះមានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៏បានបិទផ្អាកមួយរយៈពេលប៉ុន្តែឥឡូវនេះគេបានឃើញឈ្មោះថុនបាននាំបក្សពួកមកបើកលេងល្បែងសុីសងនៅភូមិឈើទាលជ្រុំ​ វិញម្តង។

ហើយតាំងពីបើកលេងមកដល់ពេលនេះដំណើរការបានយ៉ាងរំភើយទៀតផងឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយម្ចាស់បើកល្បែងសុីសងមួយកន្លែងនេះ។

ប្រជាពលរដ្ឋបាននាំគ្នាធ្វើការសំណូមពរមកដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ដែលមានបារមីធំជាងលោកសួស សៀងលី អធិការនគរបាលស្រុកត្បូងឃ្មុំផង ព្រោះកន្លែងមួយនេះប្រហែលជាមានបារមីធំជាងលោកនាយប៉ុស្តិ៍និងលោកអធិការស្រុកត្បូងឃ្មុំហើយ បានជាមិនធ្វើការបង្រ្កាប ថែមទាំងលាក់បាំងថ្នាក់លើទៀត។

សូមឯកឧត្តមមេត្តាប្រើនៅកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងប្រជល់មាន់និងអាប៉ោងដ៏ធំ ម្ចាស់ឈ្មោះថុន​ ដែលបានមកបើកលេងល្បែងសុីសងស្ថិតនៅភូមិខាងលើនេះផង ។

ព្រោះអីពលរដ្ឋកំពុងភ័យខ្លាចនូវការឆ្លងជំងឺ (កូរ៉ូណា covid-19)នឹងជាពិសេសគឺអំពើចោរកម្មលួចឆក់ប្លន់នឹងអំពើអសន្តិសុខ ដូចជាការអនុវត្តន៍ផ្ទុយរបស់ មេប៉ុស្តិ៍អញ្ចើម និងអធិការស្រុកត្បូងឃ្មុំ នៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃផងដែរ។