ឃាត់ខ្លួន នគរបាល ពីរនាក់បងប្អូន ពីរបទ រកសុីដឹកឈើ និងគំរាម សាក្សី

ឃាត់ខ្លួននគរបាល២នាក់បងប្អូន ជាមេក្លោងរកសុីឈើ ពីបទ គំរាមសាក្សី

ខេត្តកំពង់ធំ៖ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំពីរនាក់បងប្អូន ដែលភាគច្រើនគេដឹងថា៖ ក្រៅពីមុខរបរជា សមត្ថកិច្ចនគរបាល គឺមានមុខរបររកស៊ីដឹកឈើខុសច្បាប់ ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅចូលដេប៉ូនៅរាជធានីភ្នំពេញ ។

ក្នុងនោះបុគ្គលទាំងពីរក្បាលនោះបានយកសិទ្ធិអំណាច មកគំរាមប្រជាពលរដ្ឋ គំរាមមេភូមិ ដែលជាសាក្សី ក្នុងសំណុំរឿងម្តាយឈ្មោះ ស៊ឹម ម៉ាលី បានក្លែងឯកសាររំលោភយកដីរដ្ឋជាង៤០០ហិកតា ហើយចោទថាប្រជាពលរដ្ឋជាអ្នកលក់ឲ្យថែមទៀតផង។

នគរបាលពីរនាក់បងប្អូន ត្រូវបានគេស្គាល់ឈ្មោះ ហេង សារុំ និងហេងស៊ីនី ត្រូវបានឃាត់ខ្លួនពីបទ គំរាមសាក្សី ក្រោយពីបានមកបំភ្លឺនៅសាលាដំបូងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០។

ក្នុងសំណុំរឿងម្តាយ ឈ្មោះ ស៊ី ម៉ាលី បានក្លែងឯកសាររំលោភយកដីរដ្ឋជាង៤០០ហិកតា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ចេញ មុខធ្វើសាក្សីជាដាច់ខាត ដោយសារខ្លាចអំណាចរបស់បុគ្គលពីរនាក់បងប្អូននេះ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍តាមទូរស័ព្ទថា ចំពោះនគរបាលពីរនាក់ដែលបានធ្វើខុស គឺមិនពាក់ព័ន្ឋនិងអង្គភាពយើងនោះទេ គឺទុកឲ្យច្បាប់ជាអ្នកចាត់ការចុះ លោកមិនកាន់ជើងចំពោះបុគ្គលណាដែលប្រព្រឹត្តខុសនោះដែរ គឺត្រូវអនុវត្តតាមច្បាប់។

សូមបញ្ជាក់ផងដែរថា៖ ក្នុងករណីសំណុំរឿង លោកស្រី ស៊ឹម ម៉ាលី ដែលបានឈូសឆាយដីរដ្ន ហើយជួលដី និងទឹកឲ្យប្រជាពលរដ្ឋ ក្នុងមួយហិកតា ២០០ដុល្លា និងបានព្រមព្រៀងគ្នាផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ ខណៈប្រជាពលរដ្ឋចុះធ្វើស្រែបែរជាអ្នកស្រី ស៊ឹម ម៉ាលី មិនបានធ្វើតាមកិច្ចសន្យាទេ បែរជាបង្គាប់ឲ្យប្រជាពលរដ្ឋ កូបពី អត្តសញ្ញាណប័ណ្ណគូល័រ មកឲ្យអ្នកស្រីទៅវិញ ក្រោយមកក៏បែកធ្លាយរឿងអ្នកស្រីយក អត្តសញ្ញាណប័ណ្ណទាំងនោះ មកក្លែងឯកសារ ដោយចោទថា ដីទាំង៤៥០ហិកតា គឺបានទិញពីប្រជាពលរដ្ឋទៅវិញ។

មិនតែប៉ុណ្ណោះ ក៏មិនបានផ្តល់ទឹកជូនប្រជាពលរដ្ឋ ទាំង១៥គ្រួសារនោះឡើយ ថែមទាំងប្រមូលលុយថ្លៃជួលបាន៥០ភាគរយ ស្មើ និង៥០០០០ដុល្លាទៀត។

តំណាងប្រជាពលរដ្ឋ៤នាក់ ឲ្យប្រជាពលរដ្ឋ១៥គ្រួសារ បានកើតការក្តៅក្រហាយ កើតទុកមិនសុខចិត្ត មកដាក់ពាក្យបណ្តឹង មកតុលាការ ខេត្តកំពង់ធំដើម្បីទាមទារសំណង ៤០ ម៉ឺនដុល្លា ពីអ្នកស្រី ស៊ឹម ម៉ាលី តែត្រូវបានគេចខ្លួនបាត់មិនចូលមកដោះស្រាយតាមនិតិវិធីច្បាប់ ខណៈនេះសមត្ថកិច្ចកំពុងតែព្យាយាមទំនាក់ទំនង ឲ្យអ្នកចូលមកបំភ្លឺនៅតុលាការ ។

ដោយឡែក បុគ្គលទាំងពីរនាក់បងប្អូន ហេតុតែចង់ជួយបិទបាំងការពិតរបស់ សំណុំរឿងរបស់អ្នកស្រី ស៊ីម ម៉ាលី ជាម្តាយ បានប្រើប្រាស់វិធានការគំរាមសាក្សី មិនឲ្យធ្វើសាក្សី តែច្បាប់គឺច្បាប់ ត្រូវបានអ្នកអនុវត្ត ច្បាប់ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំដំណើរដើមទង និងចងក្រងសំណុំរឿតាមនិតិវិធីច្បាប់៕