ឃាត់ខ្លួន មេបញ្ជាការរង អាវុធហត្ថខេត្តបន្ទាយ ម្នាក់ ពាក់ព័ន្ធ ធ្វើទារុណ កម្មមនុស្ស ដល់ស្លាប់

ឃាត់ខ្លួន មេ​បញ្ជាការរង​អាវុធហត្ថខេត្តបន្ទាយមានជ័យ និង​មន្ត្រី​អាវុធហត្ថ​ម្នាក់​ទៀត បញ្ជូន​ទៅ​តុលាការ..

ខេត្តបន្ទាយមានជ័យ៖ ក្រោយ​ពី​ទទួល​បាន​បទបញ្ជាពីសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ស្រាវជ្រាវ រក​ឃើញ​កំហុស​មួយ​ចំនួន ព្រមទាំង​បាន​ចាប់ខ្លួន មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចំនួន​២​រូប បញ្ជូន​ទៅ​កាន់​តុលាការផងដែរ ។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ បានឱ្យ​ដឹង​ថា «​បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​តួនាទី ភារកិច្ច​បណ្តាល​ឱ្យ​ស្លាប់​ជនសង្ស័យ​ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​» ។​

​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជា​លទ្ធផល​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាងក្រោម ៖

​ទី​១- នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន​។

គឺ​-​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង អត្តលេខៈ ១៩៧៣៩២ មុខងា​រៈ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង
​-​អនុសេនីយ៍ទោ ឆ​យ រដ្ឋ​នា អត្តលេខៈ ១៩៧៣៩៩ មុខងា​រៈ ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញឿ​ន កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។​

​ទី​២- ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយ​ឱ្យ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ ។

ក្រោយ​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​តាម​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ ទុ​យ ស្រស់ បាន​ស្លាប់ ។​

​ទី​៣- ជា​វិធានការ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​កសាង​សំណុំរឿង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ ចំនួន​២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ច្បាប់ ។​

– លោក សៅ សុខាមេបញ្ជាការកងរាជអាវុធហត្តរាជឆានី សម្រេច​បង្កើត​ក្រុម​ស៊ើបអង្កេត​លើ​ករណី​មនុស្ស​ស្លាប់​ម្នាក់ ដោយ​ការ​ធ្វើ​ទារុណកម្ម​។