សមត្ថកិច្ច ខេត្តស្ទឹងត្រែង ឃាត់រថយន្ត ដឹកឈើ មួយគ្រឿង បំរុងលោត ឆ័ត ទៅស្រុកយួន

ខេត្តស្ទឹងត្រែង÷នាព្រឹកថ្ងៃទី 18 ខែមករាឆ្នាំ 2020 កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បាន ឃាត់រថយន្តក្រុង និងធ្វើការឆែកឆេរ រកឃើញឈើជាច្រើនកំណាត់ប្រភេទធ្នង់ នៅក្នុងរថយន្ដ។

សមត្ថកិច្ចបានឲ្យដឹងថាការឃាត់រថយន្ត ក្រុងខាងលើនេះ បានធ្វើឡើងលើកំណាត់ផ្លូវជាតិលេខ 78 A នៅចំណុច គោលដៅ ត្រួតពិនិត្យចរាចរណ៍ ក្បែរផ្លូវចូលវ៉ារីអគ្គិសនី សេសានក្រោម 2 ស្ថិត ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តថារថយន្តក្រុងខាងលើ ជាប្រភេទរថយន្ត ទេសចរណ៍ របស់ក្រុមហ៊ុន សុធាអេសអ អង្គរ ទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 3 C 8871 ចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ប្រទេសវៀតណាម តាមច្រក អន្តរជាតិអូរយ៉ាដាវ លុះដល់ចំណុចខាងលើក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឆែកឆេរនិងត្រួតពិនិត្យរកឃើញឈើប្រណិត ជាច្រើនកំណាត់នៅក្នុងរថយន្ត។

សមត្ថកិច្ច បានបន្ថែមថា បន្ទាប់ពីឃាត់រថយន្ដខាងលើមកបានអូសយកមកស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនិតិវីធី។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា បានឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ជាជនជាតិវៀតណាម ឈ្មោះ ហូ វ៉ាន់ ធាង ភេទប្រុស អាយុ 28ឆ្នាំរស់នៅប្រទេសវៀតណាមនិង និង 6 នាក់ទៀត ជាអ្នក ដំណើរ ជាជនជាតិវៀតណាម ផងដែរ បច្ចុប្បន្ន អ្នកបើករថយន្ត ត្រូវបាន សមត្ថកិច្ចធ្វើការសាកសួរ នៅក្នុងការិយាល័យជំនាញ ដោយឡែក ឈើប្រណិត (ធ្នង់)ត្រូវបាន កម្លាំងនគរបាលប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង រីឯរថយន្តត្រូវបានរក្សាទុកនៅក្នុងក្នុងកាកបាទខេត្តស្ទឹងត្រែង៕