ជ្រូក កំពុងនាំចេញ ទៅប្រទេស វៀតណាម យ៉ាងគគ្រឹកគគ្រេង តាមច្រកបូរីជលសារ

មន្ត្រីជំនាញថា ជ្រូកនាំចុះទៅវៀតណាមមិនមានផលប៉ះពាល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ នៅតែមានការព្រួយបារម្មខ្លាំងក្រោយឃើញជ្រូកសម្បុរខុសប្លែកពីធម្មតា រាងក្រហមឡើងតាមផ្លូវទឹកដឹកតាមរថយន្តមកក្នុងស្រុកវិញដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរណាត្រួតពិនិត្យនិងបង្ក្រាបឡើយ។

ការចល័តសត្វជ្រូករស់ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាមកំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិនឆ្នាំថកមី២០២០ខាងមុខនេះ។

ពលរដ្ឋដដែល ដែលរស់នៅជាប់ផ្លូវប្រឡាយ០១ស្រុកបូរីជលសារបាននិយាយថា ពួកគាត់បានឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូកប្រមាណជា៧០ក្បាលទៅជិត១០០ក្បាលមានសម្បុរធម្មតាជាសត្វជ្រូកចុះតាមផ្លូវទឹកដាក់ទូកដឹកចុះទៅក្រោម ដោយមិនមានត្រួតពិនិត្យសួរនាំពីអាជ្ញាធរឬមន្ត្រីជំនាញណាឡើយ។

ក្រោយពីមានការដឹកសត្វជ្រូកចុះទៅប្រទេសវៀតណាមនេះ ពួកគាត់ក៏បានឃើញថា មានសត្វជ្រូកដែលដឹកតាមរថយន្តធំៗឡើងមកវិញនោះ មានសម្បុរក្រហមប្លែកខុសពីសត្វជ្រូកដែលដឹកចុះទៅ ធ្វើឲ្យគាត់កាន់តែមានការព្រួយបារម្មជាខ្លាំងចំពោះកត្តាសុខភាពរបស់អ្នកបរិភោគដែលមិនបានឃើញផ្ទាល់ភ្នែកដូចពួកគាត់។

មានមតិពលរដ្ឋជាច្រើនបាននិយាយថា នេះប្រហែលជាឆ្នាំបាយនៃការរកស៊ីរបស់ឈ្មួញធំៗពីររូបដែលគេដឹងថាមានទីតាំងនៅថ្មសមួយ និងក្បែរផ្សារល្វេមួយ ជាមួយនិងថ្នាក់ដឹកនាំក្នុងខេត្តហើយមើលទៅ ព្រោះមើលឃើញថា ជាឱកាសចំណេញលើគោក ខណៈដែលតម្រូវការសាច់សត្វជ្រូកកើនឡើងខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាហមុខនេះ។

លោក ថៃ លី ប្រការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវបានឲ្យដឹងតាមរយៈខ្សែទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះថា ជ្រូកដែលដឹកចុះទៅលក់នៅវៀតជាជ្រូករបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើយចំពោះសត្វជ្រូកដែលដឹកឡើងមកវិញនោះជាជ្រូកមិនគ្រប់គីឡូ និងមិនត្រូវប៉ាន់របស់វៀតណាមទើមគេមិនយក៕