ម្ចាស់ត្រី ស្រែកថា នគរ បាល ខេត្តកំពង់ធំ ធ្វើឲ្យត្រីខូច ៨០ភាគរយ ក្នុងចំណោម ត្រី៦តោន

ម្ចាស់ត្រីស្រែកថាអយុត្តិធម៌ ប៉ូលិសចរាចរណ៍ខេត្តកំពង់ធំធ្វើឲ្យត្រីងាប់៨០ភាគរយក្នុងចំណោមត្រី៦តោន ករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ធំៈ ម្ចាស់ត្រីស្រែកថាអយុត្តិធម៌ ដោយសារប៉ូលិសចរាចរណ៍ ឲ្យត្រីងាប់៨០ភាគរយក្នុងចំណោមត្រី៦តោន បានសំណូមពរឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនប្រជារាស្រ្តផង។

និងឯកឧត្តម អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជលផល មេត្តាជួយ រកភាពយុត្តិធម៌ឲ្យគាត់ផង ដោយសារតែត្រីងាប់ជាង៨០ភាគរយ។

លោក សុខ ហេង អាយុ៣១ឆ្នាំ ដែលជាម្ចាស់ត្រី បានឲ្យអ្នកសារព័ត៌មានតាព្រហ្មដឹងថា បានដឹកត្រីមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយជួលឡាន យីឌុបដឹកមកខេត្តសៀមរាប លុះមកដល់ខេត្តកំពង់ធំ ក៏បានបុកគ្នាជា មួយនិងរថយន្តយីឌុបដូចគ្នា កាលពីវេលាម៉ោង ៤.៣០នាទីទាបភ្លឺ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០
នៅតាមបណ្តោយផ្លូវវាងក្រុង ចំនុចភូមិបាល័ង្ល សង្កាត់ដំរីជាន់ខ្លា ខេត្តកំពង់ធំ
ក្រោយមកម្ចាស់ឡានទាំងពីរ បានស្រុះស្រួលចូលរួមដោះស្រាយតាមនិតិវិធី ដោយមិនបានប្រកែកឡើយ។

លោក សុខ ហេង ម្ចាស់ត្រី បានបញ្ជាក់ថា ចំណែកលោកជាម្ចាស់ត្រីរ៉ស គឺពុំបានពាក់ព័ន្ឋនិងករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ទើបសុំសាងត្រីដាក់ឡានមួយទៀត ដើម្បីដឹកបន្តទៅខេត្តសៀមរាប ម្យ៉ាងទៀតដើម្បី កុំឲ្យត្រីងាប់ច្រើន តែអកុសល់ លោកប៉ូលិសចរាចរណ៍ មិនអនុញ្ញាតិឲ្យសាងត្រី និងដឹកត្រីចេញពីកន្លែង កើតហេតុនោះទេ បណ្តាលឲ្យត្រងាប់ជាង៨០ភាគរយ គិតមកដល់រសៀលម៉ោង៣.៣០នាទី។

លោកបន្តថា ក្នុងនាមខ្ញុំជាម្ចាស់ត្រីសុំលោក អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ មេត្តាយោគយល់ បើបានជាត្រី ងាប់ហើយក៏សុំយកទៅ ដើម្បីបានលក់ខ្លះចៀសវាងស្អុយត្រីទាំង ៦តោនចោល ។

ក្នុងហេតុការណ៍នេះ អ្នកសារព័ត៌មាន បានព្យាយាមទាក់ទងលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការ នគរបាលខេត្តកំពង់ធំ តែទូរស័ព្ទចូលហើយក៏ពុំមានអ្នកលើក ចំណែកលោក រុំ សុខវិជ្ជា នាយការិយាល័យ ចរាចរណ៍ជើងគោគ នៃស្នងការនគរបាលខេត្តកំពង់ធំ លោកបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំអនុញ្ញាតិឲ្យដឹកត្រីចេញនោះទេ ដោយសារតែម្ចាស់ត្រីខឹងហើយគំរាមប្តឹងលោក ម្យ៉ាងទៀតក៏មិនមាន បញ្ជាពីលោកព្រះរាជអាជ្ញា ឲ្យដឹកចេញនោះដែរ លុះត្រាតែមាន ជលផល និងគយមកពិនិត្យសិន ហើយសងសំណងរួចរាល់សិន ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចជំនាញជលផល បានចុះពិនិត្យតាំងពីព្រឹកមកម្លេះ ហើយក៏ឃើញមានការដឹកជញ្ជូនត្រឹមត្រូវ មានលិខិតអនុញ្ញាតិ ពីឯកឧត្តម អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជលផលរួចរាល់ហើយថែមទាំងពុំមានកំហុសនោះទេ។

ចំណែកលោក លី ប៊ុនសុង ប្រធានគយប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា ការដឹកជញ្ជូនឆ្លងកាត់ពុំមែនជា សមត្ថកិច្ចរបស់លោកជាអ្នកត្រួតពិនិត្យនោះទេ គឺគេបានពិនិត្យ ពីព្រំដែនមកហើយ តែបើនាំចេញមិនបង់ពន្ឋទើបបានខុស ។

ក្នុងករណីសមត្ថកិច្ចប៉ូលិសចរាចរណ៍ខេត្តកំពង់ធំឃាត់មិនឲ្យដឹកត្រីចេញពីកន្លែងកើតហេតុបណ្តាលឲ្យត្រីងាប៨០ភាគរយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមហាជនមានការងឿងឆ្ងល់ថា ម្ចាស់ឡានទាំងពីរ នាក់បានចូលខ្លួនដោះស្រាយ ហេតុអ្វីបានជាមិនព្រមឲ្យដឹកត្រីចេញ ដើម្បីចៀសវាងត្រីងាប់ស្អុយចោល ខាតឡុងចុង ។